ព្រៃវែង ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ “តោះយើងនាំគ្នាទៅបោះឆ្នោត” នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ “តោះយើងនាំគ្នាទៅបោះឆ្នោត” នេះធ្វើឡើង ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ឆ្នាំ២០២៣ និងជាពិសេសទៅទៀតគឺដើម្បីអបអរសាទរដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាព្រឹត្តិកាណ៍ដ៏មានសារៈសំខាន់ ៥ឆ្នាំមានម្តង ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានអំពាវនាវដល់យុវជន យុវនារី សិស្ស និស្សិតទាំងអស់ គប្បីនាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងរួមចំណែកដល់យុទ្ធនាការជាតិស្តីពី “ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត”។ កីឡារស់ក្នុងសន្តិភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត៕