ផ្លូវទឹកទីមួយប្រវត្តិសាស្ត្រនេះ ចាប់ផ្តើមជីកពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដោយសាងសង់ស្ពានចំនួន ១១កន្លែង៕
សូមជម្រាបថា គម្រោង "ព្រែកជីកហ្វូណនតេជោ" លាតសន្ធឹងប្រវែង ១៨០គីឡូម៉ែត្រ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោង "ព្រែកជីកហ្វូណនតេជោ" ជាគម្រោង វិនិយោគក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ៥០ឆ្នាំ រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជន ក្នុងពេលចប់កុងត្រា ៥០ឆ្នាំ ត្រូវប្រគល់ជូនរដ្ឋាភិបាលកម្ពុជាវិញ (ក្រុមហ៊ុនឯកជនជាអ្នកខ្ចីលុយមកសាងសង់) គម្រោង "ព្រែកជីកហ្វូណនតេជោ" ត្រូវបានចិនមកវិនិយោគ ប៉ុន្តែមួយរយៈក្រោយមកនេះត្រូវបាន វិនិយោគគិនកម្ពុជា ដេញថ្លៃបាន ដោយក្នុងនោះខ្មែរបោះទុនវិនិយោគ(៥១%) ច្រើនជាងអ្នកវិនិយោគទុនចិន(៤៩%) ដោយមានន័យថា គម្រោងដែលចិនវិនិយោគមួយនេះ ត្រូវបានធ្លាក់មកលើកម្ពុជាជាអ្នកត្រួតត្រា និងកាន់កាប់ដោយកម្ពុជា គម្រោងមួយនេះលែងជាកម្មសិទ្ធិរបស់ចិនទៀតហើយ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧ពាន់លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំដើម្បីបញ្ចប់គម្រោង៕